ជ្រើសរើសភាសា: Khmer Khmer English English
FMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបាននិងកំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ ២០២៥

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា តែងតែផ្តោតការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និង ការតម្រង់ទិសដ៏ខ្ពង់ខ្ពស់បំផុតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង នយោបាយ ។ ស្របតាមចក្ខុវិស័យនេះ នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ ២០២៥-២០២៨ (BSRS)” កាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, បានគូសបញ្ជាក់ថា “បើគ្មានការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), រាជរដ្ឋាភិបាលនឹងមិនអាចសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល នោះទេ” ។ ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” ។

    កម្មវិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ គឺ ទី១-ប្រកាសជាផ្លូវការនូវការដ្ឋានដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ជាមួយនឹងក្រុមការងារ ដោយការដ្ឋានទាំងនោះនឹងត្រូវចូលរួមអនុវត្តតាមរំហូរ នៃកិច្ចសហការនានាជាបន្តបន្ទាប់សម្រាប់ឈានទៅប្រើប្រាស់ FMIS ឬ អនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ។ ទី២-ការរៀបចំឱ្យមានការបញ្ជ្រាបការយល់ដឹងក្នុងកម្រិតបឋមជូនដល់ថ្នាក់ដឹកនាំ និង មន្រ្តីនៅតាមការដ្ឋានដែលត្រូវដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS ដើម្បីជ្រាបច្បាស់អំពីកិច្ចការបន្តផ្សេងៗទៀតក្នុងឆ្នាំ ២០២៥ នេះ និង ត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ FMIS ជាផ្លូវការនាពេលខាងមុខ គឺនៅក្នុងឆ្នាំ២០២៥ នេះ និង ដើមត្រីមាសទី១ ឆ្នាំ២០២៦ សម្រាប់រៀបចំ គ្រប់គ្រង និង អនុវត្តថវិការបស់ស្ថាប័នខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ ។

    ថ្លែងក្នុងកម្មវិធីខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ស្របតាម “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥” និង “ផែនការសកម្មភាពរួមដំណាក់កាលទី៤ ឆ្នាំ ២០២៣-២០២៧ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” FMIS បានចូលរួមចំណែកកសាងភាពជឿជាក់ឡើងវិញ និង អភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកមន្រ្តីរាជការគ្រប់កម្រិត ដើម្បីទទួលស្គាល់ និង ចាប់យកបរិវត្តកម្មឌីធីថលសម្រាប់កិច្ចការប្រចាំថ្ងៃក្នុងការផ្តល់សេវាសាធារណៈនានា ។

    ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន FMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបាននិងកំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ជំរុញដល់ការធ្វើវិមជ្ឈការនៃការគ្រប់គ្រង និង អនុវត្តថវិកា ជូនដល់អង្គភាពថវិកាផ្ទាល់ តាមរយៈការពង្រីកការដាក់ឱ្យអនុវត្ត FMIS ទៅដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងការដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជាជំហានៗ ដើម្បីមានលទ្ធភាព គ្រប់គ្រង ចាត់ចែង និង ទទួលខុសត្រូវលើថវិការបស់ខ្លួនផ្ទាល់ តាមរយៈការអនុវត្តនីតិវិធីទូទាត់កាន់តែងាយស្រួល រហ័សតាមបែបឌីជីថល និង សម្រួលដល់ការផ្តល់សេវាសាធារណៈរបស់អង្គភាពជំនាញនីមួយៗឱ្យបានកាន់តែមានគុណភាព និង ទាន់ពេលវេលា  ។

    មុននឹងបញ្ចាប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមនូវសាវតា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានវត្តមានតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ។ ក្នុងនោះដែរ FMIS បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរនីតិវិធីអនុវត្តការងារដែលមានភាពស្មុគស្មាញ គឺ ការដំណើរការឯកសារដោយដៃដែលមានច្រើនជំហាន និង ត្រូវចំណាយរយៈពេលយូរ ដោយប្រែក្លាយមកការអនុវត្តតាមបែបឌីជីថលជំនួសវិញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តទៀតថា រាល់ការផ្លាស់ប្តូរដែលទទួលបានលទ្ធផលជោគជ័យ រមែងតែងតែមានការចូលរួមបេ្តជ្ញា ការលះបង់នូវការផ្លាស់ប្តូរ របៀបរបបនៃការអនុវត្តការងារ ភាពអសកម្មដែលមិនបានផ្តល់តម្លៃបន្ថែម មកព្រមទទួលយកនូវការផ្លាស់ប្តូរដែលមានគុណភាព និង ប្រសិទ្ធភាពដល់ការសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិជាធំ  ។ ជាក់ស្តែងសមិទ្ធិផលដែលក្រុមការងារ FMIS សម្រេចបានជោគជ័យលើការប្រែក្លាយនីតិវិធីដោយដៃ មកជាការប្រើប្រាស់ FMIS គឺពិតជាទទួលបាននូវអត្ថប្រយោជន៍គួរឱ្យសម្គាល់ ដែលនីតិវិធីកាន់តែមានលក្ខណៈខ្លី សាមញ្ញ ឆាប់រហ័ស និង មានតម្លាភាព ប្រសិទ្ធភាពខ្ពស់ មានការទទួលស្គាល់ និង ពេញចិត្តពីបណ្តាក្រសួង-ស្ថាប័នដែលបាននិងកំពុងអនុវត្ត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់អនុសាសន៍ជំរុញ និង ស្នើឱ្យថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ បន្តចូលរួមចំណែក និង សហការយ៉ាងហ្មត់ចត់ក្នុងកិច្ចការទាំងអស់នេះតទៅមុខទៀត ដើម្បីរួមគ្នាក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ ។

    ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បាន “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” ព្រមទាំងផ្តល់អនុសាសន៍ដល់អ្នកពាក់ព័ន្ធឱ្យបន្តកិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការពិនិត្យ និង រៀបចំផ្តល់ឈ្មោះមន្ត្រីមុខងារពាក់ព័ន្ធសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីឱ្យការដាក់ឱ្យអនុវត្តការងារដំណើការដោយរលូន និង មានប្រសិទ្ធភាព ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង មានការទទួលខុសត្រូវ ។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ននេះ ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS សរុបមានចំនួន  ៣0៥ ការដ្ឋាន, មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨ មុខងារ, សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ១៦ ប្រព័ន្ធ, របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៦៦ របាយការណ៍ និង អ្នកប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣.២១៨ រូប ។ ដោយឡែកសម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS Portal ជំនាន់ទី១ មានចំនួន ១.៨៧០ ការដ្ឋាន និង អ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន ៣.៣៧២ រូប ។

    សូមបញ្ជាក់ផងដែរថា កម្មវិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និង បញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៥, នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំជាន់ខ្ពស់, តំណាងដៃគូអភិវឌ្ឍ, និង លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕

ព័ត៌មានទាក់ទង